សម្រាប់ការផ្សព្វផ្សាយ
បុណ្យរួម : មហោស្រពតន្រ្តីបុរាណថ្មី ​ នឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប ក្នុងខែតុលា ខាងមុខនេះ
ការប្រគំតន្រ្តីរយៈពេល ៣ថ្ងៃ នៅកន្លែងផ្សេងគ្នា ជាមួយសិល្បករមកពី ៦ប្រទេស
ភ្នំពេញ, ១១ កញ្ញា ២០១៧ - ក្នុងឆ្នាំនេះ កម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំមហោស្រពអន្តរជាតិមួយ ដែលមានការចូលរួមពីតន្រ្តីករ មកពីជុំវិញតំបន់អាស៊ី។ មហោស្រពនេះ នឹងរៀបចំឡើង ឡើងដោយអង្គការសិល្បៈខ្មែរអមតៈ ដោយមានការគាំទ្រពីអង្គការ វើលខាល់ឈ័អូផេន (World Culture Open) និងអង្គការ មេគង្គខាល់ឈ័រ៉លហាប់ (Mekong Cultural Hub) ដែលមានរយៈពេលបីថ្ងៃ រួមមានកម្មវិធីសម្តែង សិក្ខាសាលា និងវេទិកាពិភាក្សា ពីថ្ងៃទី ២៧ ដល់ ២៩ ខែតុលា ឆ្នាំ ២០១៧ នៅខេត្តសៀមរាប ដែលជាទីតាំងសំបូរទៅដោយសម្បត្តិបេតិកភណ្ឌជាច្រើន។ សមាសភាពសិល្បករដែលនឹងចូលរួមមហោស្រពនេះ នឹងត្រូវបានលើកយកមកបង្ហាញនៅក្នុង ពិធីប្រកាសបើកបុណ្យរួម ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា នៅភោជនីយដ្ឋាន ខៃហ្វាន់ (Kai Fun) ម៉ោង ៦ ល្ងាច។

បុណ្យរួម នឹងមានវត្តមានសិល្បករកម្ពុជា និងសិល្បករជាច្រើននាក់ទៀតមកពីជុំវិញតំបន់អាស៊ី ពួកគេនឹងចែករំលែកបទពិសោធន៍ និងជំនាញរបស់ពួកគេ ក៏ដូចជាជួយបណ្តុះការសហការគ្នានាពេលអនាគត ដែលផ្តោតសំខាន់លើតំបន់មេគង្គ។ ជាមួយនឹងសិល្បករដែលមានជំនាញផ្សេងគ្នា បុណ្យរួម មានគោលបំណងលើកទឹកចិត្តសិល្បករដែលចូលរួមទាំងអស់ ឲ្យបង្កើតតន្ត្រីថ្មី និងធ្វើការសម្តែងជូនទស្សនិកជនទស្សនា។ ទាំងការបង្ហាញ និងការសម្តែង ក្នុងនោះក៏មានជាសិក្ខាសាលា ដែលសិល្បករអាចផ្លាស់ប្តូបទពិសោធន៍ ភាពច្នៃប្រឌិត និងរៀនពីគ្នាទៅវិញទៅមកបាន។ ហើយក៏មានសិក្ខាសាលាតន្ត្រីសម្រាប់សាធារណជនចូលរួម ដើម្បីបង្កលទ្ធភាពឲ្យសិល្បករអាចបង្កើតទំនាក់ទំនងជាមួយទស្សនិកជនបានដោយផ្ទាល់ផងដែរ។

ខេត្តសៀមរាប ជាខេត្តប្រកបទៅដោយប្រវត្តិសាស្រ្ត និងសិល្បៈល្អៗ ហើយក៏ជាខេត្តដែលពោពេញទៅដោយតន្រ្តីករភ្លេងប្រពៃណីជំនាញៗជាច្រើនផងដែរ។ សៀមរាប ជាខេត្តមួយដែលយើងស្គាល់ថា មានប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែយើងមិនសូវបានចាប់អារម្មណ៍លើវប្បធម៌រស់ដ៏រស់រវើក ដែលមាននៅក្នុងខេត្តសៀមរាបនោះទេ។ ដូច្នេះហើយទើប អង្គការសិល្បៈខ្មែរអមតៈ មានបំណងលើកតម្កើងបេតិកភណ្ឌរស់ទាំងនោះតាមរយៈការងាររបស់ មជ្ឈមណ្ឌលបេតិកភណ្ឌ ដែលជាទីតាំងសម្រាប់ការស្រាវជ្រាវ ការហាត់ និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបី មានទីតាំងនៅខេត្តសៀមរាប ។ 

បុណ្យរួម នឹងប្រារព្ធឡើងចេញពីភាពជោគជ័យរបស់ មហោស្រព តន្ត្រីចេជូវើលអូរឹម (Jeju World Music Oreum) ដែលបានធ្វើឡើងក្នុងឆ្នាំ 2016 ដោយអង្គការ World Culture Open។ ក្រោមប្រធានបទ The Road, and the Beginning , មហោស្រព តន្ត្រីចេជូវើលអូរឹម បានប្រមូលរាល់ប្រទេសដែលនៅតាមផ្លូវបុរាណមួយឈ្មោះថា ផ្លូវសូត្រ មកចូលរួមជាមួយគ្នា។ ចំណែកឯបុណ្យរួម នឹងផ្តោតសំខាន់ទៅលើ បេតិកភណ្ឌរស់ មានដូចជា សិល្បៈ វប្បធម៌ និងទំនៀមទំលាប់រស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដែលរស់នៅក្នុង តំបន់ទន្លេមេគង្គ។ ស្នាដៃរបស់សិល្បករដែលចូលរួមក្នុងមហោស្រព ត្រូវបានបង្កើតឡើងជាតន្រ្តីដោយផ្អែកលើទម្រង់បុរាណ ដែលស្នាដៃនោះបង្ហាញពីសម័យកាល ជំនាន់ និងបទពិសោធន៍នៃតំបន់របស់ពួកគេ។


លោក សុង សេង នាយកមជ្ឈមណ្ឌលបេតិកភណ្ឌ បានលើកឡើងថា ខ្ញុំពិតជារីករាយណាស់ ដែលខេត្តសៀមរាប នឹងក្លាយជាទីតាំង សម្រាប់ ការប្រារព្ធបុណ្យរួម នៅក្នុងខែតុលា​ ខាងមុខនេះ។​ វាជាឱកាសដ៏ពិសេសមួយ ដែលសិល្បករ និងទស្សនិកជន មកពីជុំវិញតំបន់ទន្លេមេគ្គង មានឱកាស់ស្គាល់គ្នា និងស្វែងយល់ពីការចែករំលែកវប្បធម៌ ហើយពួកយើងនឹងបន្តការទំនាក់ទំនងរបស់យើងឲ្យកាន់ជិតស្និតនៅថ្ងៃខាងមុខទៀត។ ប្រាសាទនានាដែលនៅក្នុងខេត្តសៀមរាប ដែលជាកន្លែងកំណើតនៃវប្បធម៌ខ្មែរ វាបានធ្វើឲ្យយើងនឹកឃើញពីការបន្សល់ទុកកេរដំណែលពីមួយជំនាន់ទៅមួយជំនាន់ - មានដូចជាតន្រ្តី សិល្បៈ និងវប្បធម៌ដែលដូនតាយើងបានបន្សល់ទុក ហើយពេលនេះជាតួនាទីរបស់សិល្បករបច្ចុប្បន្នក្នុងបង្កើតស្នាដៃថ្មី និងបន្តរក្សាកេរដំណែលវប្បធម៌របស់យើងឲ្យនៅរស់មានជីវិត សម្រាប់មនុស្សជំនាន់ក្រោយ។


អង្គការសិល្បៈខ្មែរអមតៈ នឹងរៀបចំ ពិធីពីប្រកាសបើក បុណ្យរួម នៅថ្ងៃទី ២៧ ខែកញ្ញា ឆាប់ៗនេះ នៅភោជនីយដ្ឋាន ខៃហ្វាន់ (Kai Fun)​។ នាយកមជ្ឈមណ្ឌលបេតិកភណ្ឌ លោក សុង សេង នឹងធ្វើការប្រកាសពីសមាសភាពសិល្បករដែលនឹងមានវត្តមានក្នុងបុណ្យរួម និងធ្វើការណែនាំពីទីតាំង និងព័ត៌មានអំពី កម្មវិធីបុណ្យរួម។ នៅក្នុងកម្មវិធីប្រកាស់បើក បុណ្យរួម នៅថ្ងៃទី ២៧ ខែកញ្ញានេះ ក៏មានជាការសម្តែងតន្ត្រី ដែលលោកអ្នកអាចថតយករូបភាព និងធ្វើបទសម្ភាសន៍ជាមួយសិល្បករ និងក្រុមការងាររៀបចំមហោស្រព នេះផងដែរ។

កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី ២៧ ខែកញ្ញា
ចាប់ពីម៉ោង ៦ ល្ងាច, ការធ្វើបទបង្ហាញ និងការសម្តែងចាប់ផ្តើមនៅម៉ោង ៦.៣០ នាទី ល្ងាច
ទីតាំង៖ ភោជនីយដ្ឋាន Kai Fun, ផ្លូវ ៣៣៤ ជិតកែងផ្លូវ ៥៧, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, ភ្នំពេញ

កម្មវិធីនេះបើកជាសាធារណៈ បើអ្នកចាប់អារម្មណ៍ចង់ចូលរួមយកព័ត៌មាន ឬចង់ដឹងព័ត៌មានបន្ថែមសូមទាក់ទង សុជាតា តាមរយៈអ៊ីមែល [email protected]
ឬតាមរយៈលេខទូរស័ព្ទ​ ០១០ ៨៤១ ៨៧០។

កំណត់ចំណាំសម្រាប់អ្នកនិពន្ធ

អង្គការសិល្បៈខ្មែរអមតៈ

អង្គការសិល្បៈខ្មែរអមតៈ មានបេសកកម្មដើរតួជាកត្តាជំរុញក្នុងវិស័យសិល្បៈដ៏រស់រវើក ដែលញ៉ាំងចិត្តអ្នកជំនាន់ថ្មី។ បង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយលោក​ អាន ចនផន ជាតន្រីករដែលនៅរស់រានមានជីវិតពីសម័យប៉ុល ពត ហើយក៏ជាអ្នកការពារសន្តិភាពមួយរូបផងដែរ។ ដំបូងពួកគេផ្តោតសំខាន់លើការការពារសិល្បៈទស្សនីយភាពដែលកំពុងមានការគំរាមកំហែង។ រយៈពេល២ ទសវត្សក្រោយមក ពួកគេបានអភិវឌ្ឍការងារដោយបង្កើតឲ្យមានឱកាសអាហារូបករណ៍ វគ្គបណ្តុះបណ្តាល​ ការផ្លាស់ប្តូរវប្បធម៌ ការស្រាវជ្រាវ និងការបង្កើតបណ្តាញជាអន្តរជាតិ។ ហើយក៏បានផ្តល់ឱកាសការងារដល់សិល្បករតាមរយៈការសម្តែងជាប្រចាំ និងការបង្កើតមហោស្រពផ្សេងៗ។ នៅពេលខាងមុខ អង្គការសិល្បៈខ្មែរអមតៈនឹងផ្តោតលើការយកចិត្តទុកដាក់បន្ថែមលើការបង្កើត និងការច្នៃប្រឌិតក្នុងវិស័យសិល្បៈ និងកសាងទំនាក់ទំនងក្នុងវិស័យសិល្បៈទាំងក្នុង និងក្រៅប្រទេសផងដែរ។ ពួកគេកំពុងតែធ្វើការដាក់បញ្ចូលកម្មវិធីអប់រំសិល្បៈ និងវប្បធម៌ទៅក្នុងកម្មវិធីសិក្សារដ្ឋ និងបង្កើនឱកាសសម្តែងដល់សិល្បករកម្ពុជាផងដែរ។

មជ្ឈមណ្ឌលបេតិកភណ្ឌ នៃអង្គការសិល្បៈខ្មែរ​អមតៈ

មជ្ឈមណ្ឌលបេតិកភណ្ឌ ជាសាខារបស់អង្គការ​សិល្បៈខ្មែរ​អមតៈ ប្រចាំខេត្តសៀមរាប។ មជ្ឈមណ្ឌល​ធ្វើការគាំទ្រ​បេសកកម្មរួមរបស់​អង្គការក្នុងនាមជាកត្តាជំរុញ​នៅក្នុងវិស័យសិល្បៈដ៏រស់រវើកដែលញុំាងចិត្តអ្នកជំនាន់ថ្មី​។ មជ្ឈមណ្ឌលផ្តោតសំខាន់ លើការពង្រឹងសិល្បៈនិងវប្បធម៌ដែលកំពុងរស់នៅជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាជន រាប់បញ្ចូលតាំងពីតន្ត្រី ពិធី សក្ការៈនានា សិប្បកម្ម ម្ហូប និងវប្បធម៌ទំនាក់ទំនងគ្នាក្នុងសង្គមជាដើម។ ប៉ុន្តែទម្រង់សិល្បៈទស្សនីយភាព គឺជាអាទិភាពរបស់មជ្ឈមណ្ឌល។


អង្គការ វើលខាល់ឈ័អូផេន (World Culture Open)

World Culture Open (WCO) គឺជាបណ្តាញនៃអ្នកដឹកនាំផ្នែកវប្បធម៌ និងប្រកបដោយភាពច្នៃប្រឌិតមកពីជុំវិញពិភពលោក ជាវេទិកាមួយដែលបង្កើតឲ្យមានការចូលរួម ភាពរីករាយ ជិតស្និត និងបង្កើនឲ្យការរីកលូតលាស់ជាមួយគ្នាតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការស្វែងរកភាពសុខដុមនៃសហគមន៍ពិភពលោក។ ការងាររបស់ WCO មានចាប់ពីការស្រាវជ្រាវ ការសិក្សា រហូតដល់ការបង្កើតឲ្យមានវេទិការួមគ្នា រួមទាំងមហោស្រព ការជួបជុំគ្នា គម្រោងសហគមន៍ និងយុទ្ធនាការច្នៃប្រឌិត ដែលមានអ្នកចូលរួមទាំងថា្នក់តំបន់ និងថ្នាក់ពិភពលោកផងដែរ។
www.worldcultureopen.org/