សម្រាប់ផ្សព្វផ្សាយបន្ទាន់

ការស្វែងរកអត្តសញ្ញាណ៖ រដូវវប្បធម៌
រួមមានការសម្ដែង សិក្ខាសាលា ពិព័រណ៍ និងកម្មវិធីជាច្រើនទៀតរយៈពេលបីខែ។

ពីខែកក្កដា ដល់កញ្ញា រាជធានីភ្នំពេញ
ភ្នំពេញ ៩ កក្កដា ២០១៨ សិល្បៈខ្មែរអមតៈ សូមប្រកាស​កម្មវិធី  រដូវវប្បធម៌ ជាលើកដំបូងរបស់ខ្លួន ដែលមានរយៈពេលបីខែ ពីខែកក្កដា ដល់កញ្ញា នៅភ្នំពេញ ក្រោមប្រធានបទ ‍‍ «ការស្វែងរកអត្តសញ្ញាណ»។ គោលបំណងនៃកម្មវិធី គឺបំផុស​សំណួរក្នុងចំណោម និងរវាងទស្សនិកជន ជាមួយសិល្បករ ព្រមទាំងជំរុញឲ្យមានការជជែកពិភាក្សា ទៅលើការយល់ឃើញរបស់ពួកគេជុំវិញពាក្យថា «អត្តសញ្ញាណ» ជាពិសេសអំពី អត្តសញ្ញាណកម្ពុជា។

ដោយមានការចូលរួមពីសិល្បករ និងអង្គការជាដៃគូនានា ទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស យើងនឹងរៀបចំកម្មវិធីនានា រួមមាន ការសម្ដែងសៀកសហសម័យ ដោយ ហ្វារពន្លឺសិល្បៈ ល្ខោនកាយវិការ ដោយ អេពិកអាត ផ្ទាំងទស្សនីយភាពដោយ ក្រុមសិល្បករមហាជនភូមិតងណងឡិះ មកពីខេត្តរតនគិរី ល្ខោនយីកេខ្មែរ ដោយក្រុមយីកេអតមៈ ល្ខោនហ្ស៊ីកេម៉ាឡេស៊ី។ ក្រៅពីនេះ អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ដោយផ្ទាល់ពីសិក្ខាសាលា «ស្វែងរកអត្តសញ្ញាណកម្ពុជារបស់យើង» សម្របសម្រួលដោយអង្គការ នារីដើម្បីសន្តិភាព ។ សិក្ខាសាលារាំច្នៃប្រឌិត ក្រុមសិល្បករអេពិកអាត កិច្ចពិភាក្សានានា ការបញ្ចាំងភាពយន្ត និងពិព័រណ៍រូបថត រៀបចំសម្របសម្រួលជាដៃគូ ដោយ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា អមដោយកិច្ចពិភាក្សាចុងកម្មវិធីជាច្រើនទៀតផង។
កម្មវិធីទាំងនេះ នឹងប្រព្រឹត្តិទៅនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ ដូចជានៅឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ សាកលវិទ្យាល័យនានា មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា វិទ្យាស្ថានបារាំងប្រចាំកម្ពុជាជាដើម។ ចំពោះការសម្ដែងនៅសារមន្ទីរជាតិ សំបុត្រចូលទស្សនាតម្លៃ ២០០០០រៀល និងអាចរកសំបុត្របានតាមរយៈលេខ 0968839884 / 098512255 ឬការិយាល័យសិល្បៈខ្មែរអមតៈ ។ ឥតគិតថ្លៃសម្រាប់កម្មវិធីបញ្ចាំងភាពយន្ត ពិព័រណ៍ និងកិច្ចពិភាក្សានានា។ ចំពោះសិក្ខាសាលា យើងតម្រូវឲ្យមានការចុះឈ្មោះជាមុន នៅទីនេះ ឬអ៊ីម៉ែលទៅកាន់ [email protected] សម្រាប់និស្សិតតាមសាកលវិទ្យល័យដែលយើងរៀបចំកម្មវិធី នឹងទទួលបានសំបុត្រពិសេស។

កញ្ញា យ៉ុន សុខខន ប្រធានកម្មវិធីអភិវឌ្ឍន៍សិល្បៈ និងជាអ្នកពិនិត្យស្នាដៃសម្រាប់ រដូវវប្បធម៌ បានថ្លែងចំណាប់អារម្មណ៍ថា
  • យើងខ្ញុំសង្ឃឹមថា នឹងមានអ្នកចូលរួមកម្មវិធីរយៈពេលបីខែនេះ ដើម្បីស្វែងយល់អំពី អត្តសញ្ញាណ កាន់តែស៊ីជម្រៅ។ យើងបានសម្រិតសម្រាំងកម្មវិធីដែលមានស្នាដៃសម្ដែងចម្រុះគ្នា ព្រមទាំងមានការចូលរួមពីប្រជាជនកម្ពុជាគ្រប់តំបន់ ដែលនេះបានបង្ហាញពីភាពចម្រុះនៃវប្បធម៌របស់ប្រទេសយើង។ ស្នាដៃមួយចំនួនចំនួនកើតចេញពីលទ្ធផលការងារតាមកម្មវិធីនីមួយៗរបស់សិល្បៈខ្មែរអមតៈ ដូចជាសិក្ខាសាលា មូលនិធិ និងការផ្ដល់កញ្ចប់រៀបចំដំឡើងស្នាដៃ។ ហើយមួយចំនួនទៀត ជាស្នាដៃរបស់ក្រុមសិល្បករ និងអង្គការជាដៃគូរបស់យើង។ នេះជាលើកទីមួយហើយដែលយើងបានរៀបចំ រដូវវប្បធម៌ដ៏មានសារៈសំខាន់នេះ ហើយយើងជឿជាក់ថា កម្មវិធីនេះនឹងក្លាយជាអនុស្សាវរីយ៍ដ៏ល្អ និងមិនអាចបំភ្លេចបានសម្រាប់ទស្សនិកជន និងសិល្បករ។

អ្នកស្រី សូ ភីណា ប្រធានកម្មវិធីចំណេះដឹង បណ្ដាញ និងគោលនយោបាយវប្បធម៌ និងជាអ្នកពិនិត្យកម្មវិធីមនុស្សជាតិ នៃរដូវវប្បធម៌នេះ បានថ្លែងចំណាប់អារម្មណ៍ថា៖
  • "ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលកម្មវិធីរដូវវប្បធម៌នេះ ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ហើយរាល់ស្នាដៃសម្ដែង និងឱកាសនានា គឺសម្រាប់ទស្សនិកជន និងសិល្បករ ស្វែងយល់ ធ្វើការឆ្លុះបញ្ចាំង និងពិភាក្សា ទាំងក្នុង និងក្រោយការសម្ដែង។ ក្រៅពីចូលរួមទស្សនាហើយ អ្នកចូលរួមអាចជជែកពិភាក្សាជាមួយសិល្បករ ថាតើហេតុអ្វីបង្កើតស្នាដៃនេះឡើង តើបង្កើតឡើងដោយរបៀបណា និងថាតើស្នាដៃទាំងនេះ មានអត្ថន័យយ៉ាងណាដល់ពួកគេ។

លោក អ៊ូ ប៊ុនថេង មកពីអង្គការអេពិកអាត ដែលនឹងសម្ដែងស្នាដៃ «ក្មេងឃ្វាលក្របី» និងដឹកនាំសិក្ខាសាលារាំច្នៃប្រឌិត បានថ្លែងចំណាប់អារម្មណ៍ថា
  • "ខ្ញុំគិតថារដូវវប្បធម៌  «ការស្វែងរកអត្តសញ្ញាណ» នឹងជួយឲ្យយុវជនយុវតីស្គាល់អំពីតម្លៃ និងអត្តសញ្ញាណរបស់ខ្លួនកាន់តែច្បាស់ និងទទួលយក ព្រមទាំងឲ្យតម្លៃទៅលើអត្តសញ្ញាណរបស់ជនដ៍ទៃទៀតដោយមិនប្រកាន់នូវ ពណ៌សម្បុរ សាសនា ជំនឿ ពិការភាព យេនឌ័រ....។ អេពិកអាត មានកិត្តិយស និង រីករាយដែលមានចំណែកចូលរួមក្នុងសកម្មភាពនេះ និងបានបង្ហាញនូវការងារដែលយើងកំពុងធ្វើលើវិស័យពិការភាព ក៍ដូចជាបានបង្ហាញនូវសមត្ថភាព និងជំនាញរបស់សិល្បករជាជនពិការរបស់យើង សំដៅដល់ការបង្ហញនូវអត្តសញ្ញាណនេះឯង។"


ព័ត៌មានបន្ថែម រូបថត កិច្ចសម្ភាស និងការចូលរួមកម្មវិធីនីមួយៗ សូមទាក់ទងទៅ [email protected]
កំណត់សម្គាល់សម្រាប់អ្នកនិពន្ធ

អង្គការសិល្បៈខ្មែរអមតៈ

  • សិល្បៈខ្មែរអមតៈ បង្កើតឡើងដោយលោក អាន ចនផន ក្នងឆ្នាំ១៩៩៨។
  • សិល្បៈខ្មែរអមតៈ ជាអង្គការឯករាជ្យមិនរកប្រាក់ចំណេញ មានទីតាំងនៅភ្នំពេញ។
  • សិល្បៈ​ខ្មែរ​អមតៈ​មាន​បេសក​កម្ម ដើរ​តួ​ជា​កត្តា​ជំរុញ​នៅ​ក្នុង​វិស័យ​សិល្បៈ​ដ៏​រស់​រវើក ដែល​ញុំាង​ចិត្ត​អ្នក​ជំនាន់​ថ្មី។ យើង​ជឿ​ជាក់​ថា សង្គម​មួយ​អាច​រីក​ចម្រើន​ពេញ​លេញ​ទៅ​បាន​ដោយ​មាន​ការ​ចូល​រួម​ពី​សិល្បៈ។

សូមចូលទៅកាន់គេហទំព័ររបស់យើង www.cambodianlivingarts.org