សម្រាប់ការផ្សព្វផ្សាយ

សេចក្ដីប្រកាស៖ សិក្ខាសាលាតន្ត្រីអេសណូកម្ពុជាដំបូងគេនឹងមានសិល្បករចូលរួមពីជុំវិញពិភពលោកនៅសៀមរាប
ពាក្យសុំចាប់បើកពីថ្ងៃទី២-២៨ ខែកញ្ញា
ភ្នំពេញ, ថ្ងៃទី៣ កញ្ញា ២០១៨ – នៅខែមករា តន្ត្រីករប្រពៃណី និងអ្នកចម្រៀងវ័យក្មេងទាំងនៅកម្ពុជា តំបន់មេគង្គ និងជុំវិញពិភពលោក នឹងងមកជួបជុំគ្នានៅមជ្ឈមណ្ឌលបេតិកភណ្ឌ របស់អង្គការសិល្បៈខ្មែរអមតៈ ក្នុងខេត្តសៀមរាប ដើម្បីប្រារព្ធកម្មវិធីសិក្ខាសាលាតន្ត្រីអេសណូ កម្ពុជា លើកទីមួយនៅកម្ពុជាដែលមានរយៈពេលមួយសប្ដាហ៍។ នេះជាគម្រោងផ្ដួចផ្ដើមឡើងដោយអង្គការសិល្បៈខ្មែរអមតៈ និងជាផ្នែកមួយនៃកម្មវិធីអេសណូ (Ethno)។ សិល្បករទាំង ៣០រូប ជំនាញ និងមានវប្បធម៌ខុសៗគ្នា នឹងចំណាយពេលមួយសប្ដាហ៍ស្នាក់នៅរួមគ្នា ស្វែងយល់ពីគ្នាទៅវិញទៅមក ចែករំលែកចំណេះដឹង និងបង្កើតស្នាដៃតន្ត្រីជាមួយគ្នា ហើយនឹងត្រូវសម្ដែងជូនសាធារណជនទស្សនាចំនួន ២លើក នៅថ្ងៃទី១២ និង ១៣ ខែមករា នៅខេត្តសៀមរាប។

កម្មវិធី អេសណូ បានរៀបចំធ្វើឡើងអស់រយៈពេល ៣០ឆ្នាំមកហើយ នៅតាមបណ្ដាប្រទេសចំនួន ២០។ អ្នកចូលរួមជាតន្ត្រីករវ័យក្មេងដែលមានបេសកកម្មររក្សាមរតកវប្បធម៌ពីគ្រប់ទិសទីជុំវិញពិភពលោកឲ្យនៅឋិតថេរជាមួយមនុស្សជំនាន់ថ្មី។ សិល្បករផ្ទេរចំណេះដឹងតន្ត្រី និងវប្បធម៌ពីម្នាក់ទៅម្នាក់តាមរបៀបបុរាណ។ អ្នកចូលរួម គឺជាសិស្ស ក៏ជាគ្រូដែរក្នុងពេលជាមួយគ្នា។ តាមរយៈកម្មវិធីលម្អិតរួមមាន ការហាត់រៀនជាមួយគ្នា និងការសម្ដែង សិល្បករកម្មវិធីអេសណូកម្ពុជានឹងអាចផ្សព្វផ្សាយតន្ត្រីរបស់ពួកគេ។ តាមរយៈការប្រគំ និងសម្ដែងមរតកវប្បធម៌អរូបីជាតិសាសន៍នីមួយៗ សិក្ខាសាលាតន្ត្រីអេសណូកម្ពុជា នឹងជាឱកាសមួយសម្រាប់សិល្បករបង្កើនការគោរព និងអធ្យាស្រ័យគ្នា ព្រមទាំងការចេះផ្ដល់តម្លៃលើវប្បធម៌គ្នាទៅវិញទៅមកតាមរយៈតន្ត្រី។
គាត​ សុគីម សិល្បករចាប៉ីដងវែង និងអ្នកចូលរួមកម្មវិធី Ethno Germany 2017 និងជាសមាជិកក្នុងក្រុមដឹកនាំសិល្បៈសម្រាប់កម្មវិធី Ethno កម្ពុជា បានឲ្យដឹងថា

"ពេលវេលានៅអាល្លឺម៉ង់កាលពីឆ្នាំទៅ ពិតជាអស្ចារ្យណាស់ ។ ខ្ញុំបានស្គាល់សិល្បករជាច្រើនមកពីជុំវិញពិភពលោក។ យើងលេង និងច្រៀងបទចម្រៀងនៅតាមប្រទេសនីមួយៗ។ យើងនិយាយគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងទទួលយកគ្នាទៅវិញទៅមកអំពីប្រទេស និងវប្បធម៌។ នៅកម្ពុជា និងតំបន់មេកង្គ យើងមានវប្បធម៌ និងសិល្បៈដ៏សំបូរបែប ដែលយើងមានលក្ខណៈរួមគ្នាខ្លះ និងខុសគ្នាខ្លះ។ ខ្ញុំជឿជាក់ថា កម្មវិធី Ethno កម្ពុជា គឺជាកន្លែងប្រមូលផ្ដុំមួយរបស់សិល្បករមកពីគ្រប់ទិសទី មកស្វែងយល់ពីគ្នាទៅវិញទៅមក។ ខ្ញុំពិតជាចង់ឃើញកម្មវិធីនេះកើតមានឡើងណាស់ ដូចជាពេលហាត់ និងសមជាមួយគ្នា កម្មវិធីប្រគំតន្ត្រី ព្រមទាំងពេលនិយាយគ្នា និងចែករំលែករឿងរ៉ាវនានាជាមួយសិល្បករដទៃទៀតផងដែរ។"
កម្មវិធី Ethno កម្ពុជា ចាប់បើកទទួលពាក្យពីបេក្ខជនអាយុចន្លោះពី ១៨-៣០ឆ្នាំ មកពីគ្រប់ទិសទីនៃពិភពលោក។ កម្មវិធីនេះ ធ្វើឡើងពីថ្ងៃទី ៧-១៤ ខែមករា ឆ្នាំ២០១៩។
អំពីការដាក់ពាក្យ សូមចូលទៅកាន់ cambodianlivingarts.org/ethno-cambodia

ស្វែងរកព័ត៌មានបន្ថែមអំពីកម្មវិធីនេះ សូមទាក់ទង [email protected]
កំណត់សម្គាល់៖
អំពី JM International
  • JM International (JMI) ជាអង្គការតន្ត្រីសម្រាប់យុវជន ដែលជាអង្គការមិនមែនរដ្ឋាភិបាលធំជាងគេបំផុតក្នុងពិភពលោក។ ត្រូវបានបង្កើតឡើងនៅទីក្រុងប្រ៊ូសែល ប្រទេសបែលហ្ស៊ិក ក្នុងឆ្នាំ ១៩៤៥ ជាមួយនឹងបេសកកម្ម «ជំរុញឲ្យយុវជនមានការអភិវឌ្ឍតាមរយៈតន្ត្រីឥតព្រំដែន»។
  • រួមសហការជាមួយអង្គការជាសមាជិកបច្ចុប្បន្ននៅតាមប្រទេសចំនួន ៤០ និងអង្គការជាដៃគូ ១៥ប្រទេសផ្សេងទៀតនោះ JMI គឺជាបណ្ដាញថ្នាក់ពិភពលលោកដែលផ្ដល់ឱកាសដល់មនុស្សវ័យក្មេងចូលរួមសកម្មភាពតន្ត្រីឲ្យបានច្រើន។ បណ្ដាញរបស់ JMI មានអ្នកចូលរួមជាង ៦លាននាក់ អាយុចន្លោះពី ១៣-៣០ឆ្នាំ ព្រមទាំងមាន ៤០.០០០សកម្មភាពដែលរួមបញ្ចូលតន្ត្រីគ្រប់ប្រភេទ និងសម្របសម្រួលកម្មវិធីផ្លាស់ប្ដូរអន្តរប្រទេសជាកម្រិតអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ jmi.net

អំពីអង្គការសិល្បៈខ្មែរអមតៈ

  • សិល្បៈខ្មែរអមតៈ បង្កើតឡើងដោយលោក អាន ចនផន ក្នុងឆ្នាំ១៩៩៨។
  • ជាអង្គការមិនរកផលចំណេញ និងឯករាជ្យមានទីតាំងនៅរាជធានីភ្នំពេញ។
  • សិល្បៈខ្មែរអមតៈមានបេសកកម្ម ដើរតួជាកត្តាជំរុញនៅក្នុងវិស័យសិល្បៈដ៏រស់រវើក ដែលញុំាងចិត្តអ្នកជំនាន់ថ្មី។ យើង​ជឿ​ជាក់​ថា សង្គម​មួយ​អាច​រីក​ចម្រើន​ពេញ​លេញ​ទៅ​បាន​ដោយ​មាន​ការ​ចូល​រួម​ពី​សិល្បៈ ហើយយើង​មាន​ទស្សន​វិស័យ​ថា សិល្បៈ និង​វប្បធម៌​មាន​សារៈ​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អនាគត​ដ៏​រុង​រឿង​របស់​កម្ពុជា។

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ cambodianlivingarts.org

អំពីមជ្ឈមណ្ឌលបេតិកភណ្ឌ

  • មជ្ឈមណ្ឌលបេតិកភណ្ឌ គឺជាមជ្ឈមណ្ឌលមួយរបស់សិល្បៈខ្មែរអមតៈ ប្រចាំនៅខេត្តសៀមរាប ក្នុងបរិវេណរត្តរាជបូណ៌។
  • មជ្ឈមណ្ឌលធ្វើ​ការ​ពង្រឹង​សិល្បៈ​ និង​វប្បធម៌​ដែល​កំពុង​រស់​នៅ​ជាមួយ​ជីវ​ភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន។
  • ទម្រង់​សិល្បៈ​ទស្ស​នីយភាព ជាពិសេសទម្រង់តន្ត្រី គឺ​ជា​អាទិភាព​បច្ចុប្បន្នរបស់​មជ្ឈ​មណ្ឌល។