សម្រាប់ការផ្សព្វផ្សាយ

រដូវកាលសម្ដែងរបាំបុរាណ-ប្រពៃណីឆ្លុះបញ្ចាំងពីសង្គមកម្ពុជាដ៏ផូរផង់
របាំដំឡើងដោយអ្នកគ្រូ វ័ន សាវ៉ៃ អតីតនាដកាព្រះរាជទ្រព្យ នឹងចាប់សម្ដែងពីថ្ងៃទី១៩ ខែមេសា តទៅ
ការសម្ដែងសាកល្បង ថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា
ភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ – អង្គការសិល្បៈខ្មែរអមតៈ មានក្ដីសោមនស្សរីករាយ សូមនាំមកនូវការសម្ដែងរបាំបុរាណ និងប្រពៃណី គ្រប់គ្រងដំឡើងដោយ អ្នកគ្រូ វ័ន សាវ៉ៃ អតីតនាដកាឯករបាំព្រះរាជទ្រព្យ និងព្រះអង្គម្ចាស់ក្សត្រា ស៊ីសុវត្ថិ តេសូ ប្រធានក្រុមរបាំព្រះរាជទ្រព្យ។ ផ្ទាំងទស្សនីយភាពរបាំចម្រុះសម្ដែងដោយសិល្បករ ៣០នាក់ រយៈពេល ១ ម៉ោងនេះ នឹងនាំទស្សនិកជនឆ្លងកាត់ពេលវេលាអតីតកាលចាប់តាំងគីការកកើតផែនដី កំណើតអប្សរា និងជីវភាពរីករាយតាមស្រុកស្រែចំការនៃប្រទេសកម្ពុជារហូតដល់សព្វថ្ងៃ។

ការសម្ដែងជាផ្លូវការចាប់ពីថ្ងៃទី ១៩ ខែមេសា ចាប់ពីម៉ោង ៧ល្ងាចតទៅ នៅឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ភ្នំពេញ ៦ថ្ងៃ ក្នុងមួយសប្ដាហ៍ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។

គួរបញ្ជាក់ដែរថា របាំដែលនឹងសម្ដែងរួមមាន របាំអប្សរា មុនីមេខាលា របាំគោះអង្រែ និងរបាំជាច្រើនមុខផ្សេងទៀត ដែលមិនសូវ​ឃើញសម្ដែងនៅទីកន្លែងនានា។ ក្រៅពីការសម្ដែងជាមួយនឹងបៀវត្សរ៍ជាប្រចាំហើយ ក្រុមសិល្បករ នឹងត្រូវការជិតស្និទ្ធជាមួយប្រធានសិល្បៈធំៗ បង្កើតទំនាក់ទំនង កសាងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនតាមរយៈវគ្គបណ្ដុះបណ្ដាលរៀបចំឡើងដោយសិល្បៈខ្មែរអមតៈ ដើម្បីក្លាយក្រុមរបាំគំរូមួយដែលមានសមត្ថភាពគ្រប់គ្រងសម្រាប់និរន្តរភាពអាជីពរបស់ពួកគេនាពេលអនាគត។
ការសម្ដែងនេះ ជាផ្នែកមួយនៃការងារសហគ្រាសវប្បធម៌ក្រោមកម្មវិធីពិសោធសិល្បៈខ្មែរអមតៈ ដែលជាកម្មវិធីនាំយកបទពិសោធន៍សិល្បៈ និងវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជាទៅកាន់ទស្សនិកជនក្នុងស្រុក និងក្រៅស្រុក ដែលជាកត្តាជួយពង្រីកទីផ្សារការងារដល់សិល្បករខ្មែរ។ ជារៀងរាល់ឆ្នាំ មានទស្សនិកជនច្រើនជាង ២០.០០០ នាក់ បានទទួលបទពិសោធន៍អំពីបេតិកភណ្ឌរស់ និងទម្រង់សិល្បៈ និងវប្បធម៌ខ្មែរដ៏សំបូរបែបពីកម្មវិធីនេះ។

នាយិកាសិល្បៈ អ្នកគ្រូ វ័ន សាវ៉ៃ បានមានប្រសាសន៍ថា៖

“នេះជាជំហានទីមួយ ហើយខ្ញុំសង្ឃឹមថា សិល្បករ នឹងសម្ដែងបានយ៉ាងល្អ ហើយដើម្បីអាចឲ្យក្ដីសង្ឃឹមនេះក្លាយជាការពិត លុះត្រាតែអ្នកទាំងអស់គ្នា មានក្ដីសង្ឃឹមរួមគ្នា និងដូចគ្នា! សម្រាប់ខ្ញុំ ខ្ញុំតែងតែចង់បានអ្វីដែលឥតខ្ចោះ ហើយខ្ញុំត្រូវតែសម្រេចឲ្យបាន... ក្ដីសង្ឃឹមធំបំផុតរបស់ខ្ញុំគឺចង់ឃើញសិល្បៈខ្មែររីកចំរើន និងសំបូរបែបដូចពីមុន។”

សិល្បករ រិទ្ធិ ដារ៉ូ បាននិយាយថា៖

"ខ្ញុំមានអារម្មណ៍ភ័យផង និងអរផង សម្រាប់ការចូលរួមការសម្ដែងថ្មីនៅសារមន្ទីរជាតិនេះ! មានកត្តាជាច្រើនដែលជំរុញឲ្យខ្ញុំនៅបន្តការងារនេះ។ នោះគី ក្ដីស្រលាញ់ និងជំនឿចិត្តលើក្រុមដែលជំរុញឲ្យខ្ញុំយក​ឈ្នះលើគ្រប់ឧបសគ្គ ហើយការហ្វឹកហាត់បន្ថែមកន្លងមកនេះ បានជួយពង្រឹងសមត្ថភាពខ្ញុំ បានស្គាល់ពីខ្លួនឯង ខ្ញុំចង់បានអ្វី និងខ្ញុំត្រូវការអ្វី។ "

ស្សង់-បាទីស្ត៍ ភូ ប្រធានកម្មវិធីច្នៃប្រឌិតអង្គការសិល្បៈខ្មែរអមតៈ បានមានប្រសាសន៍ថា៖

“យុទ្ធសាស្ត្រ ៥ឆ្នាំថ្មីរបស់សិល្បៈខ្មែរអមតៈ រួមមានការបង្ហាញ ការឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុ និងការបង្កើតស្នាដៃថ្មីៗ ព្រមទាំងជួយគាំទ្រសិល្បករក្នុងការបង្ហាញកម្ពុជានាពេលបច្ចុប្បន្នតាមរយៈស្នាដៃពួកគេ។ ហើយស្នាដៃថ្មីនេះ គឺជាឱកាសធំមួយសម្រាប់ពួកគេ។ តាមរយៈនេះ វាបានបង្កើតការងារដល់សិល្បករ ៣០នាក់ ស្របពេលជាមួយគ្នាដែរ យើងក៏មានឱកាសបានទស្សនាស្នាដៃដ៏គួរឲ្យរំភើបនេះ។ យើងពិតជាសំណាងណាស់ដែលបានធ្វើការជាមួយអ្នកគ្រូ សាវ៉ៃ និងព្រះអង្គម្ចាស់ តេសូ ហើយយើងសូមថ្លែងអំណរគុណដល់លោកទាំងពីរដែលបានខិតខំប្រឹងប្រែងក្នុងការងារនេះ ព្រមទាំងចក្ខុវិស័យសិល្បៈវែងឆ្ងាយផងដែរ។” 
ការសម្ដែងសាកល្បង នឹងធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី៥ ខែមេសា ។ យើងសូមគោរពអញ្ជើញចូលរួមមទស្សនា និងផ្ដិតយករូបភាព/វីដេអូសម្ដែង។ ហើយអ្នកក៏អាចមកជាមួយមិត្តភក្តិ គ្រួសាររបស់អ្នកផងដែរ។ ចូលទស្សនាដោយសេរី។ សូមបញ្ជាក់ការចូលរួមរបស់អ្នកមកកាន់ [email protected] .

ការសម្ពោធការសម្ដែងនឹងធ្វើឡើងនៅថ្ងៃទី ៦ - ៧ ខែមេសា និង ទី ៩ - ១១ ខែមេសា។ យើងនឹងឈប់សម្រាកពេលចូលឆ្នាំ ហើយ ការសម្ដែងជាផ្លូវការ នឹងចាប់ផ្ដើមនៅថ្ងៃទី ១៩ ខែមេសា។

ព័ត៌មានបន្ថែម ឬចង់បានរូបថតច្បាស់ៗ និងការសម្ភាស សូមទាក់ទង​មក [email protected]
កំណត់សម្គាល់សម្រាប់អ្នកនិពន្ធ

អង្គការសិល្បៈខ្មែរអមតៈ

  • សិល្បៈខ្មែរអមតៈ បង្កើតឡើងដោយលោក អាន ចនផន ក្នងឆ្នាំ១៩៩៨។
  • សិល្បៈខ្មែរអមតៈ ជាអង្គការឯករាជ្យមិនរកប្រាក់ចំណេញ មានទីតាំងនៅភ្នំពេញ។
  • សិល្បៈ​ខ្មែរ​អមតៈ​មាន​បេសក​កម្ម ដើរ​តួ​ជា​កត្តា​ជំរុញ​នៅ​ក្នុង​វិស័យ​សិល្បៈ​ដ៏​រស់​រវើក ដែល​ញុំាង​ចិត្ត​អ្នក​ជំនាន់​ថ្មី។ យើង​ជឿ​ជាក់​ថា សង្គម​មួយ​អាច​រីក​ចម្រើន​ពេញ​លេញ​ទៅ​បាន​ដោយ​មាន​ការ​ចូល​រួម​ពី​សិល្បៈ។


ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖

សិល្បៈខ្មែរអមតៈ ៖ www.cambodianlivingarts.org

កម្មវិធីពិសោធសិល្បៈខ្មែរអមតៈ www.experience.cambodianlivingarts.org